ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
អ្នកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន គាត់ត្រូវគេស្គាល់ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) ហើយលោកមានឯកទេសផ្នែក អប់រំ និងការអភិវឌ្ឍសហគមន៍ផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងជា សមាជិកទីប្រឹក្សា និងជាសហអនុប្រធានក្រុមការងារផ្នែកសុខាភិបាល (ចាប់ពីឆ្នាំ២០២៣) សហអនុប្រធានក្រុមការងារផ្នែកអប់រំ (ចាប់ពីឆ្នាំ ២០១៩) នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សហស្ថាបនិក និងទីប្រឹក្សា នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា, ប្រធានស្ថាបនិកកិត្តិយស នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា, ឧត្ដមទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, និង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ អ្នកឧកញ៉ា បានសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក និង លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ចប់ ការហ្វឹកហ្វឺនផ្នែកវេជ្ជសាស្ដ្រ នៅមន្ទីរពេទ្យឈីកាហ្គោ នៃសាកលវិទ្យាល័យ អៀលលីណយ ទីក្រុងជីកាហ្គោ រដ្ឋអៀលលីនណយ សហរដ្ឋអាមេរិក និង ការហ្វឹកហ្វឺកក្រោយថ្នាក់វេជ្ជបណ្ឌិត ក្នុងតួនាទីជា ទីប្រឹក្សាសុខភាពសាធារណៈ និងនៃគម្រោង សមាហរណកម្មនៃការ ទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ (ស.ព.ជ.ក) អង្គការដៃគូសម្រាប់អភិវឌ្ឍន៍ នៃទីក្រុង សីលវឺស្ព្រីង រដ្ឋម៉ារិឡែន សហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅក្នុងស្រុកឆ្លូង ខេត្ដក្រចេះ។
អ្នកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលអ្នកឧកញ៉ាវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោង សមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈរបស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក អ្នកឧកញ៉ាបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្រ្ត វិទ្យាសាស្រ្ត និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជា ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្រ្តាចារ្យ ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។
អ្នកឧកញ៉ា ត្រូវគេទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងការបម្រើសេវាសង្គម។
ពានរង្វាន់កិត្តិយសចុងក្រោយ ដែលអ្នកឧកញ៉ាទទួលបាន មានដូចខាងក្រោម៖
ស្នាដៃសៀវភៅ
ស្នាដៃនិពន្ធដោយអ្នកដទៃ
សំណើអញ្ជើញ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមជាវាគ្មិនកិត្តិយស