អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទៈ “សារៈសំខាន់នៃការញុំាអាហារជុំគ្រួសារ" អត្ថបទដកស្រង់ដោយ : រ៉ុង ណារីន

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “សារៈសំខាន់នៃការញុំាអាហារជុំគ្រួសារ" 
អត្ថបទដកស្រង់ដោយ :  រ៉ុង ណារីន
#MJQE #AmericanInterconSchool      

បច្ចុប្បន្ននេះដោយសារតែភាពមមាញឹកនឹងការងារទើបមិនសូវមានពេលវេលាញ៉ាំអាហារជួបជុំក្រុមគ្រួសារ។ ប៉ុន្តែការញ៉ាំអាហារជុំគ្រួសារពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ជាច្រើនដូចជា៖
•  ទទួលបានភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា
•  អាចជួយពិភាក្សារកដំណោះស្រាយជុំគ្នាពេលមានបញ្ហាណាមួយកើតឡើងចំពោះសមាជិកណាម្នាក់
•  ផ្តល់យោបល់ ឬដំបូន្មានល្អៗឱ្យគ្នាខណៈពេលកំពុងទទួលទានអាហារ
•  មានជម្លោះជាមួយគ្នា អាចលើកយកមកនិយាយដោះស្រាយបាន
•  ពុំងាយមានការបែកបាក់នៃសមាជិកណាម្នាក់ចេញពីក្រុមគ្រួសារ នឹងរក្សាបាននូវបរិយាកាសល្អមានសុភមង្គលក្នុងរង្វង់គ្រួសារក្រោមដំបូលផ្ទះតែមួយ។

មិនត្រឹមតែប៉ុណ្ណោះការញ៉ាំអាហារជួបជុំគ្រួសារក៏ជាផ្នែកមួយយ៉ាងសំខាន់ចំពោះការលូតលាស់របស់កុមារតូចៗផងដែរដូចជា៖
•  កាត់បន្ថយពេលវេលាមើលទូរសព្ទ : ក្មេងៗចូលចិត្តមើល ឬលេងទូរសព្ទ ពេលពួកគេញ៉ាំអាហារតែឯង និងអាចធ្វើឱ្យពួកគេចំណាយពេលយូរក្នុងការញុំាបាយ ព្រោះជក់មើល ឬលេងទូរសព្ទ។ ការមើល ឬលេងទូរសព្ទក្នុងរយៈពេលយូរអាចធ្វើឱ្យប៉ះពាល់ភ្នែក និងសុខភាពកុមារតូច។ ពេលញុំាបាយជុំគ្នា ប៉ាម៉ាក់អាចហាមកូនតូចៗមិនឱ្យមើលទូរសព្ទបាន។
•  ប៉ាម៉ាក់អាចជួយស្រាយបញ្ហាកូន : ភាគច្រើនយើងចូលចិត្តនិយាយជាមួយសមាជិកគ្រួសារនៅពេលញុំាអាហារ។ កុមារតូចៗអាចនិយាយប្រាប់ប៉ាម៉ាក់ពីបញ្ហាដែលពួកគេកំពុងប្រឈម។ ប៉ាម៉ាក់អាចណែនាំ និងជួយដោះស្រាយបញ្ហា ឬកង្វល់របស់កូនៗ ហើយប៉ាម៉ាក់ក៏អាចចែករំលែកកង្វល់ជាមួយគ្រួសារ និងកូនៗដែរ។
•  កាត់បន្ថយភាពតានតឹង : ការញុំាបាយជុំគ្រួសារក៏ជួយកាត់បន្ថយភាពតានតឹងរបស់កូនតូចដែរ ព្រោះរាងកាយយើងនឹងបញ្ចេញអ័រម៉ូន oxytocin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ នៅពេលយើងញុំាអាហារជាមួយមនុស្សជាទីស្រឡាញ់។ ការមានភាពតានតឹងអាចជះឥទ្ធិពលដល់ផ្លូវចិត្តកុមារតូច។
•  រៀនពូកែ : តាមការសិក្សាបានឱ្យដឹងថា កុមារដែលញ៉ាំអាហារពី៦ ទៅ៧ដងក្នុងមួយសប្តាហ៍ជាមួយគ្រួសាររៀនពូកែជាងកុមារដែលមិនសូវញ៉ាំអាហារញឹកញាប់ជាមួយគ្រួសារ។

ហេតុដូចនេះហើយទោះបីជាមានភាពមមាញឹកនឹងការងារយ៉ាងណា សូមប៉ាម៉ាក់ឆ្លៀតពេលវេលាញ៉ាំអាហារជួបជុំគ្នាជាមួយក្រុមគ្រួសារដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្តល់ភាពកក់ក្តៅដល់មនុស្សជាទីស្រឡាញ់នៅក្នុងរង្វង់ក្រុមគ្រួសារ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://hellokrupet.com

ចែករំលែកអត្ថបទនេះ