អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី ក្រោមប្រធានបទ “ ប្រាសាទនគរបាជ័យ” អត្ថបទដកស្រង់ដោយ : ប៉ាំង លាងស៊ីម

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “  ប្រាសាទនគរបាជ័យ”
អត្ថបទដកស្រង់ដោយ : ប៉ាំង លាងស៊ីម
#MJQE #AmericaninterconSchool
  
ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីរាជធានីភ្នំពេញ។ ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំ រីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។ ទស្សនៈវិស័យដើមនៃសំណង់ប្រាសាទនេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។

ប្រាសាទនគរបាជ័យ បានចែកចេញជា៤ថែវ៖
   ថែវទី១ : ទន្លេអុំ ស្ថិតនៅខាងកើតនៃប្រាសាទ មានទំហំ ៤០០ ម x ៥០០ ម ដែលមានចម្ងាយប្រមាណ៣០០ម ពីប្រាសាទថែវទីមួយ មានទំហំ ៤២១ ម x ៣៧១ ម ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀម មានកម្ពស់ ២.៩ ម និងកម្រាស់ ២.៤ ម។ ទទឹងច្រកចូលមានប្រវែង២ម។  នៅក្នុងបរិវេណនៃថែវទីមួយមានតោចំនួន៦ ស្ថិតនៅមាត់ច្រកចូលទៅថែវទី២ និងមាននាគ៨ ដែលស្ថិតនៅពីក្រោយតោទាំង៦ និងមានអសុរា២ ឈរនៅអមច្រកចូលសងខាង។ 
   ថែវទី២ : រួមមានរូបសំណាក់តេជោដំឌិនចំនួន២រូប អសុរាចំនួន២ ដែលមានកម្ពស់ ១.៦០ ម និងមានស្រះទឹកពីរដែលមានទំហំ ២០ម x ២០ម ទឹកស្រះទាំងពីរនេះមិនរឹងទេនៅរដូវប្រាំងព្រមទាំងមានដើមឈូកដុះអម។ 
   ថែវទី៣ : រួមមាននៅចំពីមុខច្រកចូល មានរូបព្រះនរាយណ៍ដៃ៨ និងនៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ៤។ ថែវនេះមានកម្រាស់ក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះមានច្រកចេញចូលនៅចំកណ្តាលទាំង៤ទិស។
   ថែវទី៤ : រៀបចំដោយថ្មបាយក្រៀមចំដាច់ៗពីគ្នាជាបន្ទប់ៗ ហើយមានលក្ខណៈខុសប្លែកពីថែវទី១,២,៣ ព្រោះថែវទី៤នេះ មានច្រកចូល៨ទិស។ បើចូលនៅដល់កំពូលកណ្តាលនៃប្រាសាទនេះ គេសង្កេតឃើញកំពូលមួយខ្ពស់នៅចំកណ្តាលសង់អំពីថ្មភក់ ដែលមានព្រះគង់ព្រះភ្នែកបែរចេញទៅរកទិសទាំង៤ គឺកើត លិច ជើង ត្បូង។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://demo.cambodia.gov.kh/tourism/នគរបាជ័យ

ចែករំលែកអត្ថបទនេះ