អត្ថបទព័ត៌មានស្តីអំពីការអប់រំ  ក្រោមប្រធានបទ “ឪពុកម្តាយគួរជំរុញឱ្យកូនលេងកីឡាពីក្មេង” អត្ថបទដកស្រង់ដោយ : ភី ភារីន

អត្ថបទព័ត៌មានស្តីអំពីការអប់រំ 
ក្រោមប្រធានបទ “ឪពុកម្តាយគួរជំរុញឱ្យកូនលេងកីឡាពីក្មេង”
អត្ថបទដកស្រង់ដោយ : ភី ភារីន
#MJQE #AmericanInterconSchool

ការគិតថាកូនក្មេងនៅតូចនៅឡើយ ទន់ខ្សោយ មិនគួរហាត់ប្រាណ អាចនាំឱ្យគេដួល របួសរលាត់ដៃជើង គឺជាការយល់ខុសទាំងស្រុង។ ការធ្វើលំហាត់ប្រាណ ឬការលេងកីឡា ជាកត្តាដ៏សំខាន់មួយក្នុងដំណើរការនៃការវិឌ្ឍរបស់ក្មេងៗ ដើម្បីឱ្យរាងកាយ និងស្មារតីរបស់គេមាំមួន រក្សាបាននូវសុខភាពល្អ ប្រាជ្ញាឆ្លាតវាងវៃ បង្កើតទម្លាប់សកម្មដល់កុមារតាំងពីតូចៗ និងបណ្តុះស្មារតីតស៊ូប្រឹងប្រែងឱ្យគេពេញមួយជីវិត។ ដូច្នេះឪពុកម្ដាយមិនគួររំលងឡើយក្នុងការនាំកូនៗ ហាត់កីឡាឱ្យបានច្រើនតាមដែលអាចធ្វើទៅបានសមស្របតាមវ័យរបស់ពួកគេ អាចជាសកម្មភាពកីឡាបែបសប្បាយៗប្រៀបបាននឹងនាំគេលេងកម្សាន្តដូច្នេះដែរ ហើយក៏ផ្តល់ថាមពលក្លៀវក្លា រាងកាយមានភាពរហ័សរហួន បត់បែននៃសាច់ដុំកាន់តែល្អ និងមានទិសដៅអនាគតដ៏ត្រឹមត្រូវ ក្នុងការបណ្ដុះតម្លៃនៃការលេងកីឡាដល់កូនៗនៅពេលដែលមានវ័យក្មេង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៥ នៃការលេងកីឡាសម្រាប់ក្មេង៖

១. ជួយសុខភាពផ្លូវចិត្ត និងផ្លូវកាយ :
ពិតណាស់ កុមារឆ្លងកាត់ដំណើរការនៃការអភិវឌ្ឍផ្លូវចិត្ត និងផ្លូវកាយ ហើយកីឡាអាចជំរុញឱ្យកូនឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ។ ការលេងកីឡាច្រើនប្រភេទ អាចជួយឱ្យក្មេងមានរាងកាយមាំមួន និងចៀសឆ្ងាយពីបញ្ហាធាត់ជ្រុល។ បន្ថែមពីនេះ កីឡាក៏ជួយឱ្យក្មេងរៀនសូត្រពីការបរាជ័យរបស់ខ្លួន និងមានចិត្តស្ងប់ល្អ ទោះជាកំពុងតែមានសម្ពាធក៏ដោយ។

២. រៀនធ្វើការជាក្រុម :
ការលេងកីឡាជាច្រើនដូចជា បាល់ទះ ឬបាល់ទាត់ អាចជួយឱ្យក្មេងរៀនចេះពីសារៈសំខាន់នៃការធ្វើការងារជាក្រុម ដោយចេះឱ្យតម្លៃ និងគោរពដល់សមាជិកម្នាក់ៗ។

៣. ចេះគោរពវិន័យ :
ទន្ទឹមនឹងនេះដែរ កីឡាបណ្ដុះស្មារតីគោរពវិន័យដល់កុមារ។ ក្នុងនាមជាអត្តពលិក ក្មេងៗត្រូវក្រោកពីព្រលឹមជាញឹកញាប់ដើម្បីហ្វឹកហាត់។ កត្តានេះអាចជំរុញឱ្យកុមារចេះគោរពពេលវេលា និងមានទម្លាប់ហាត់ប្រាណតាំងពីវ័យក្មេង។ មួយវិញទៀត ក្មេងនឹងមានសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ដោយមានស្មារតីរឹងមាំ និងប្រកាន់ខ្ជាប់ទៅនឹងការគោរពវិន័យ។

៤. ជំនាញសង្គម :
បច្ចុប្បន្ននេះ កុមារភាគច្រើនតែងចំណាយពេលវេលាច្រើនជាមួយនឹងការលេងទូរសព្ទ និងមិនសូវចូលរួមនៅក្នុងសង្គម ក៏ដូចជាបង្កើតមិត្តភក្ដិឡើយ។ យ៉ាងណាមិញ ការលេងកីឡាអាចជួយឱ្យកូនៗមានទំនាក់ទំនងទៅនឹងក្រុមមនុស្សច្រើន ដែលមានចំណង់ចំណូលចិត្តដូចគ្នា ព្រមទាំងងាយស្រួលដល់ក្មេងក្នុងការរាប់អានមិត្តភក្ដិទៀតផង។

៥. គោរពខ្លួនឯង :
ជាមួយគ្នានេះដែរ កីឡាអាចជួយឱ្យកុមារចេះគោរព និងមានទំនុកចិត្តចំពោះខ្លួនឯង។ តួយ៉ាងនៅពេលដែលឈ្នះការប្រកួត ឬជួយរកពិន្ទុដល់ក្រុម នោះក្មេងនឹងមានអារម្មណ៍ជឿជាក់ទៅលើជំនាញ និងសមត្ថភាពខ្លួនឯងកាន់តែខ្លាំង។ ដូច្នេះហើយ ប៉ាម៉ាក់គួរបណ្ដុះផ្នត់គំនិតក្នុងការលេងកីឡាដល់កូននៅពេលដែលកូននៅវ័យក្មេង ដើម្បីជួយឱ្យកូនអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំងក្លាមួយកម្រិតទៀត។

អត្ថបទដកស្រង់ និងកែសម្រួលចេគពីគហទំព័រ៖
  https://news.sabay.com.kh/article/1211916
  https://hellokrupet.com

ចែករំលែកអត្ថបទនេះ