អត្ថបទព័ត៌មានស្តីអំពីការអប់រំ ក្រោមប្រធានបទ “ហ៊ានស្រមៃ” អត្ថបទដកស្រង់ដោយ : ពៅ វិច្ឆ័យ

អត្ថបទព័ត៌មានស្តីអំពីការអប់រំ 
ក្រោមប្រធានបទ “ហ៊ានស្រមៃ”
អត្ថបទដកស្រង់ដោយ : ពៅ វិច្ឆ័យ
#MJQE #AmericanInterconSchool

ការដែលមនុស្សម្នាក់ៗមានក្ដីស្រមៃច្រើន មិនមែនជារឿងអាក្រក់នោះទេ ហើយវាមានតែផ្ដល់មកឱ្យអ្នកវិញ នូវកម្លាំងចិត្តយ៉ាងច្រើនក្នុងការបន្តដំណើរទៅមុខ ប៉ុន្តែសូមកុំបណ្ដោយឱ្យការស្រមៃ ក្លាយទៅជាការរវើរវាយជ្រុលដែលគ្មានភាពប្រាកដនិយមឱ្យសោះ ព្រោះបើពុំដូច្នោះទេ អ្នកនឹងទទួលបានត្រឹមតែ “ការខកចិត្ត” ពីក្ដីស្រមៃរបស់ខ្លួនតែប៉ុណ្ណោះ។ ដើម្បីឱ្យក្តីស្រមៃរបស់អ្នកទទួលបាននូវភាពជោគជ័យ អ្នកអាចអនុវត្តតាម៥ចំណុចខាងក្រោមនេះ៖

ចំណុចទី១ ខិតខំប្រឹងប្រែងរៀនសូត្រ :
ការខិតខំប្រឹងប្រែងរៀនសូត្រ គឺជាចំណុចចាប់ផ្តើមមួយដ៏សំខាន់ដែលអាចនាំអ្នកទៅកាន់ក្តីស្រមៃ ព្រោះក្នុងអំឡុងពេលដែលយើងខំប្រឹងរៀនសូត្រតាំងពីថ្នាក់តូចរហូតដល់ថ្នាក់មហាវិទ្យាល័យ ឬបន្តនៅក្រៅប្រទេសទទួលបានលទ្ធផលល្អ អ្នកនឹងទទួលបានចំណេះដឹងទូលំទូលាយ អាចបទបែនបានគ្រប់កាលៈទេសៈ។

ចំណុចទី២ បង្កើតផែនការ :
ដើម្បីជួយយើងគិត និងកំណត់អំពីគោលដៅឱ្យយើងដើរលើផ្លូវត្រឹមត្រូវ ព្រមទាំងដល់គោលដៅបាន   ឆាប់។ ដើម្បីបង្កើតផែនការមួយជាក់លាក់បាន យើងត្រូវកំណត់គោលដៅនៃការសិក្សា ឈ្វេងយល់ពីចំណុចសក្តានុពលដើម្បីសិក្សា រាយបញ្ជីលទ្ធផលនៃការសិក្សា ពិសេសកំណត់ពេលវេលាឱ្យបានច្បាស់លាស់។

ចំណុចទី៣ ការតស៊ូ និងប្តេជ្ញាចិត្ត :
នៅពេលដែលយើងបរាជ័យក្នុងរឿងអ្វីមួយ យើងត្រូវតែតស៊ូធ្វើវាម្តងទៀត កុំចុះចាញ់ ហើយធ្វើឱ្យបានល្អបំផុត។ ការតស៊ូធ្វើឱ្យយើងខំប្រឹងឡើងវិញ ទើបអាចឱ្យយើងឈានទៅរកភាពជោគជ័យ។ យើងទាំងអស់គ្នាតែងតែប្តេជ្ញាចិត្តថា «ខ្ញុំនឹងខំប្រឹងប្រែងរៀនសូត្រ» «ខ្ញុំនឹងតស៊ូឱ្យអស់ពីសមត្ថភាព» នេះគឺជាការប្តេជ្ញា និងតំាងចិត្តពីសិស្សានុសិស្ស។

ចំណុចទី៤ ពេលវេលា : 
ពេលវេលា គឺជាមាសប្រាក់ យើងមិនត្រូវខ្ជះខ្ជាយពេលវេលា ធ្វើអ្វីដែលឥតប្រយោជន៍នោះទេ នៅពេលដែលយើងផ្តល់តម្លៃ និងយកពេលរំឭកមេរៀន ធ្វើលំហាត់ ធ្វើឱ្យយើងទទួលបានគំនិតថ្មីៗបន្ថែមក្នុងការរៀនសូត្រ និងផ្លាស់ប្តូរលទ្ធផលផងដែរ។ យើងត្រូវកំណត់ពេលវេលាឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យផែនការរបស់យើងរញ៉េរញ៉ៃ ហើយមានពេលគ្រប់គ្រាន់ មិនតានតឹងក្នុងការធ្វើការងារសាលា និងការងារច្រើនផ្សេងៗក្នុងពេលតែមួយ។

ចំណុចទី៥ ឧបសគ្គ :
ក្នុងជីវិតយើងទាំងអស់គ្នាតែងតែជួបរាល់ឧបសគ្គ តែយើងត្រូវជម្នះ។ ឧបសគ្គគឺជាបញ្ហាដ៍ធំមួយដែលយើងជួបជានិច្ច មុននឹងយើងទទួលបានជោគជ័យ។ ការជម្នះឧបសគ្គបាន គឺស្ថិតលើស្មារតីព្យាយាម អំណត់ តស៊ូ មិនចុះចាញ់ និងយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អបំផុត។ ដើម្បីជម្នៈឧបសគ្គបានកាន់តែល្អប្រសើរថែមទៀត គឺត្រូវមានការគាំទ្រពីមាតាបិតា មនុស្សជុំវិញខ្លួន សាលារៀន បរិយាកាសសង្គម ទើបធ្វើឱ្យយើងសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាព។

ចាប់ផ្តើមក្តីស្រមៃរបស់អ្នកនៅថ្ងៃនេះ  ដើម្បីកំណត់គោលដៅអនាគតមួយដ៏ល្អប្រសើរ!

ចែករំលែកអត្ថបទនេះ